រាជធានីភ្នំពេញ ៖ សម្រាប់ការទស្សនានៅព្រលានយន្តអន្តរជាតិតេជោថ្មី ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ តទៅនឹងត្រូវបង់ថ្លៃចំណតយានយន្ត។
ឯកឧត្តម ស៊ីន ចាន់សិរិវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានឲ្យកោះសន្តិភាពដឹង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ថា ចាប់ពីថ្ងៃទី១៦ កញ្ញា តទៅ យានយន្តដែលការចូលមកទស្សនានៅព្រលានយន្តហោះអន្តរជាតិតេជោនឹងគិតថវិកា ហើយត្រូវទុកឲ្យមានរបៀបតាមការកំណត់របស់សន្តិសុខ ។ ឯកឧត្តមបានបញ្ជាក់ថា «ថ្ងៃ១៥ កញ្ញា គឺជាថ្ងៃចុងក្រោយ ហើយចំណងគឺគេគិតលុយពេញទាំងអស់ឡើងវិញ ហើយកាតលក់ដូរទំនិញកន្លែងណាបញ្ចុះតម្លៃក៏គេលេងបញ្ចុះតម្លៃដែរ» ។ ឯកឧត្តមអ្នកនាំពាក្យក៏បានលើកឡើងថា ចំពោះអ្នកដែលចូលទស្សនាទៅចូលទស្សនា គឺនៅចូលមើលបានជាធម្មតា ហើយអ្នកដែលជូនដំណើរបងប្អូនទៅក្រៅប្រទេសនៅចូលជាធម្មតា ។ អាចចូលនេះដែរ នឹងត្រូវរៀបចំសម្រាប់ធ្នាប់ឲ្យបានល្អផងដែរ ។
ទាក់ទិននិងសណ្ដាប់ធ្នាប់នេះដែរ រថយន្តទាំងអស់នឹងត្រូវរៀបចំទៅតាមការកំណត់របស់សន្តិសុខ ។ យ៉ាងណា ឯកឧត្តមអ្នកនាំពាក្យក៏បានអះអាងថា ទោះបីជាមានការចូលទស្សនានៅព្រលានយន្តហោះថ្មីនេះ ហើយមានការយកលុយថ្លៃកំណត់យ៉ាងណាក៏ដោយ ក៏រំពឹងថាបងប្អូនប្រជាពលរដ្ឋចូលទស្សនាមានចំនួនច្រើនដដែល ។ឯកឧត្តមបញ្ជាក់ថា «ខ្ញុំជឿថា មិនកាត់បន្ថយអ្នកចូលទស្សនានោះទេ ព្រោះអ្នកចង់មើលនៅតែចង់មើល ប៉ុន្តែគាត់មិនអាចនៅយូរព្រោះថា ការចំណាយថ្លៃ គឺចំណតគិតម៉ោង»។
សូមជម្រាបបើតាមអ្នកនាំពាក្យធ្លាប់បានអះងថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានលក្ខណៈពិសេស ដោយផ្ដល់នូវអារម្មណ៍ប្លែក អស្ចារ្យ និងរំភើប ដល់អ្នកធ្វើដំណើរគ្រប់រូប ពេលចូលមកដល់អាកាសយានដ្ឋាននេះ ។បើតាមអ្នកនាំពាក្យរូបនេះ ការសាងសង់អាកាសយានដ្ឋាននេះ កើនឡើងលើសការគ្រោងទុក ដែលតាមគម្រោងប៉ាន់ស្មានចំណាយប្រមាណ១៥០០លានដុល្លារ ប៉ុន្តែការសាងសង់ជាក់ស្តែងមកដល់ពេលនេះ ការចំណាយប្រហែលជាង២ពាន់លានដុល្លារហើយ។ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «អាកាសយានដ្ឋានប្រភេទ4Fនេះ មិនមានច្រើននោះទេនៅក្នុងតំបន់ ប៉ុន្ដែបើក្រឡេកមើលនៅក្នុងអាស៊ាន ដូចជា៖ សិង្ហបុរី និងម៉ាឡេស៊ី មានខ្នាតប្រហាក់ប្រហែលជាមួយកម្ពុជា ប៉ុន្ដែអ្វីដែលប្លែក និងបទពិសោធន៍ល្អ គឺពេលដែលចូលអាកាសយានដ្ឋានអន្តរជាតិតេជោមានអារម្មណ៍ប្លែក អស្ចារ្យ និងរំភើប»។
ឯកឧត្តមបានបន្ថែមថា មានតិចណាស់ដែលស្ថាបត្យកម្ម ឬក៏អាកាសយានដ្ឋានមួយចំនួន ផ្ដល់អារម្មណ៍អស្ចារ្យ និងរំភើបបែបនេះ ដល់អ្នកធ្វើដំណើរ ដូចនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ។ ទន្ទឹមគ្នានេះ ក្នុងនាម អាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា រំពឹងទុកថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងសម្រួលដល់ការចេញ-ចូល ហើយនឹងជំរុញឲ្យមានកំណើនភ្ញៀវទេសចរជារៀងរហូត។
បើតាមអ្នកនាំពាក្យថា ថ្ងៃដំបូងនៃការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ជើងហោះហើរដំបូង ដែលបានទទួលស្វាគមន៍ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ដែលបានចុះចតនៅវេលាម៉ោង៨៖០០ព្រឹក។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតីតែម្តង ៕
ប្រភព៖ កោះសន្តិភាព