ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍វប្បធម៌ និងអប់រំដ៏ធំប្រចាំឆ្នាំ បានចាប់ផ្តើមបើកទ្វារស្វាគមន៍សាធារណជន ជាពិសេស សិស្ស និស្សិត យ៉ាងអធិកអធម ចាប់តាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងប្រារព្ធធ្វើឡើងរយៈពេល ៤ ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ មានទីតាំងស្ថិតនៅ Elysée កោះពេជ្រ។
មិនខុសពីឆ្នាំមុនឡើយ ពិព័រណ៍សៀវភៅឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយកិច្ចសហការរវាង ក្រសួងអប់រំ យុវជន និងកីឡា ជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមប្រធានបទដ៏មានអត្ថន័យថា “សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត”។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ជំរុញវប្បធម៌នៃការអាន ដោយបណ្តុះទម្លាប់ និងចំណូលចិត្តក្នុងការអានដល់សាធារណជនទូទៅ ជាពិសេសយុវជន និងសិស្សានុសិស្ស ដើម្បីពង្រឹងចំណេះដឹង និងការគិត។ លើកស្ទួយវិស័យអក្សរសាស្ត្រ និងការបោះពុម្ពផ្សាយ ដែល ផ្តល់វេទិកាដល់អ្នកនិពន្ធ កវី បណ្ណាល័យ និងគ្រឹះស្ថានបោះពុម្ពផ្សាយជាតិ ដើម្បីដាក់តាំង និងផ្សព្វផ្សាយស្នាដៃរបស់ខ្លួន។ លើសពីនេះ កម្មពិធី ក៏បាន ផ្តល់ឱកាសឱ្យសាធារណជនបានចូលរួមក្នុងសកម្មភាពអប់រំ និងវប្បធម៌ផ្សេងៗ ព្រមទាំងជួបសំណេះសំណាលជាមួយអ្នកនិពន្ធដោយផ្ទាល់។
សូមជម្រាបថា នៅក្នុងពិព័រណ៍សៀវភៅដ៏ធំនេះ មានការចូលរួមដាក់តាំងលក់នូវសៀវភៅគ្រប់ប្រភេទ និងសម្ភារៈសិក្សាជាច្រើនមុខ ដោយមានស្តង់សរុបចំនួន ៣០០ ស្តង់ ដែលជាឱកាសដ៏ល្អសម្រាប់អ្នកចូលចិត្តអាន និងសិក្សាទាំងអស់ អាចស្វែងរក និងទិញសៀវភៅដែលខ្លួនពេញចិត្ត។
សូមអញ្ជើញសាធារណជនទាំងអស់ចូលរួមឱ្យបានកុះករ ដើម្បីសម្រេចបាននូវគោលបំណងរួម ក្នុងការលើកកម្ពស់វប្បធម៌នៃការអាន និងគាំទ្រដល់វិស័យអក្សរសាស្ត្រនៅកម្ពុជា ៕




ប្រភព៖ ក្រសួងព័ត៌មាន