ក្នុងកាលៈទេសៈកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ រក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន

Post by admin

10:05 - 19/12/2025

Comment

តាមរយៈ សារលិខិត ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងភាពជាដៃគូមិនអាចខ្វះបានជាមួយអ្នកសារព័ត៌មាន ក្នុងក្របខ័ណ្ឌប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនេះ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សម្តេចធិបតី សូមអំពាវនាវដល់បងប្អូន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀត សូមរក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន ដោយមិនត្រូវប្រឌិតព័ត៌មានដើម្បីញុះញង់នាំឱ្យកើតមានអរិភាពជាតិសាសន៍ ឬបង្កការយល់ច្រឡំ មកលើគណៈកម្មការព្រំដែន រាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោកកម្ពុជា ដែលកំពុងអនុវត្តការងារវាស់វែង និងកំណត់បង្គោលព្រំដែនបណ្តោះអាសន្នដោយ ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។

ក្នុងន័យនេះ សូមបងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានបន្តចូលរួមអនុវត្តនូវលក្ខខណ្ឌ គុណវុឌ្ឍនិងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាននិងសុវត្ថិភាពព័ត៌មានឱ្យកាន់តែប្រសើរឡើង ព្រមទាំងបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យខានតែបាន ជាពិសេសក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន។

ទន្ទឹមនេះ សូមបងប្អូនអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានបន្តចូលរួមអនុវត្តឱ្យបានកាន់តែខ្ជាប់ខ្ជួននូវ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងគោលបំណងបន្តធានានូវបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដើម្បីបង្កើនទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវ វិជ្ជាជីវៈ៕