លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា ភាគីថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើបូរណភាពទឹកដីកម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា និងការប្រើបាស់នូវសព្វាវុធធុនធ្ងន់របស់ភាគីថៃ ព្រមទាំងការដាក់ពង្រាយនូវទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា។
ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ភាគីថៃបានបាញ់ប្រហារមកលើកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងទី៥ ដែលជាការបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ ដោយថៃបានបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីលើបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងយោធា។ លោកជំទាវ ឧត្តមសេនីយ៍ឯក បានលើកឡើងថា រហូតមកទល់ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ មានដូចជា យោធាថៃបានធ្វើសកម្មភាព និងបើកការបាញ់ប្រហារចូលមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ ដែលចាប់ផ្តើមការបាញ់ប្រហារនៅវេលាម៉ោង ០៤:៤០នាទី នៅព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រប្រាសាទខ្នា ខណៈដែលពួកគេក៏បានបើកការបាញ់ប្រហារផងដែរមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថា ដូចគ្នានេះ នៅវេលាម៉ោង ០៧:៥២នាទី ដោយយោធាថៃបានបាញ់ផ្លោងចូលមកក្នុងភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ ដែលសកម្មភាពនៃការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃនេះ គឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕

ប្រភព៖ ក្រសួងការពារជាតិ