លើសពីសង្គ្រាមប្រដាប់អាវុធក្នុងការឈ្លានពានទឹកដីកម្ពុជាហើយនោះ ថៃក៏កំពុងប្រើប្រាស់សង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងផ្លូវការ និងក្រៅផ្លូវការ ដើម្បីបំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព ប្រជាពលរដ្ឋកម្ពុជា ។ ជាពិសេស សង្គ្រាមចិត្តសាស្ត្ររបស់ថៃនេះ គឺមានចរឹកញុះញង់ បំបែកបំបាក់ស្មារតី និងសាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ។ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងបែបនេះ ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ។

បើតាមក្នុងសង្គ្រាមចិត្តសាស្ត្រនេះ ថៃដែលជាសត្រូវឈ្លានពានកម្ពុជា គឺបានប្រើប្រាស់វិធីសាស្ត្រច្រើនយ៉ាង។ ក្នុងនោះមាន ថៃបានប្រើប្រាស់បណ្តាញសង្គមដោយបានបង្កើតគណនីក្លែងក្លាយច្រើនណាស់ ដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ តែគោលដៅបម្រើផលប្រយោជន៍យោធាថៃ។
«នៅក្នុងបណ្តាញសង្គមសព្វថ្ងៃនេះ បងប្អូនប្រាកដជាបានស្គាល់ ថាពួកគេបានបន្លំជាខ្មែរ។ គេបង្កោះរូបភាពមួយចំនួន ដើម្បីបំបាក់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើង កងទ័ពយើង។ គេបង្ហោះសម្លៀកបំពាក់របស់យោធាថៃ មានរូបសញ្ញាកងទ័ពយើង មានផ្លាកឈ្មោះកងទ័ពយើង។ គេយកមកតុបកតែងបនង្កើតឡើង ហើយបង្ហោះថា នេះគឺជាអ្វីដែលគេចាប់បាន ដោយគេធ្វើយ៉ាងណាឱ្យពលរដ្ឋយើងយល់ថាកងទ័ពយើងចាញ់»។ នេះជាការលើកឡើងរបស់លោក ប៉ែន បូណា។
មួយវិញទៀត ថៃបានយករូបអាវុធ BM-21 ដែលឆេះក្នុងសង្គ្រាមប្រទេសផ្សេង យកមកបង្ហោះដោយសរសេរថា នេះជាអាវុធរបស់កម្ពុជាដែលយោធាថៃកម្ទេចបាន ដែលមានបង្ហោះផ្សព្វផ្សាយច្រើនៅលើបណ្តាញសង្គម។ រូបភាពមួយទៀត គឺថៃបានបង្ហាញពីការបាញ់រថក្រោះដែលមានសរសេរថាចាប់បានពីកម្ពុជា តែតាមពិតគឺថៃយករកភាពពីប្រទេសផ្សេងសោះ។
ទាំងនេះ គឺគ្រាន់តែជាឧទាហរណ៍មួយចំនួនដែលអ្នកនាំពាក្យរដ្ឋាភិបាលលើកមកបញ្ជាក់ក្នុងចំណោមរឿងប្រឌិតរបស់ថៃជាច្រើនដែលបង្កើតឡើង។ លោក ប៉ែន បូណា បានបញ្ជាក់ថា ៖ « នេះជាក្នុងសង្គ្រាមចិត្តសាស្ត្រ ក្នុងការបំបែកបំបាក់សាមគ្គីរបស់ខ្មែរ ដើម្បីឈា្លនពានទឹកដីកម្ពុជា។»។
ក្រៅពីនេះ ថៃក៏បានប្រើប្រាស់បណ្តាញសារព័ត៌មានផ្លូវការរបស់គេតែម្តង ដោយបណ្តាញសារព័ត៌មានផ្លូវការរបស់ថៃស្ទើរតែទាំងអស់ គឺផ្សាយតែរឿងភូតកុហក បំភៃការពិត ដើម្បីបម្រើឱ្យសង្គ្រាមចិត្តសាស្ត្ររបស់អ្នកឈ្លានពានកម្ពុជាតែប៉ុណ្ណោះ។ សារព័ត៌មានផ្លូវការរបស់ថៃមួយចំនួន បានផ្សាយពីកងទ័ពខ្មែរស្លាប់ច្រើនក្នុងសមរភូមិ។ ពលរដ្ឋខ្មែរត្រូវយល់ពីបញ្ហានេះក្នុងសង្គ្រាមចិត្តសាស្ត្រដែថៃកំពុងប្រើមកលើកម្ពុជា។
« យើងការពារទឹកដីរបស់យើង យើងនៅក្នុងដែនដីរបស់យើង ចំណែកសត្រូវឈា្លនពានអ្នកចូលក្នុងទឹកដីយើង។ អ៊ីចឹង! ហេតុអ្វីបានជាមកផ្សាយពីរឿងចំនួនកងទ័ពយើងស្លាប់អីទៅកើត...។»។ លោក ប៉ែន បូណា អះអាងថា នេះជាការភូតកំហុកសុទ្ធសាតបម្រើដល់សង្រ្គាមចិត្តសាស្ត្រសុទ្ធសាត ខណៈមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធារបស់ថៃក៏តែងតែធ្វើបែបនេះដែរ តាមរយៈការអួតអាង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋ និងកងទ័ពកម្ពុជា។ ដូច្នេះ សូមពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្ន ដោយត្រូវបន្តសាមគ្គីគ្នាជាធ្លុងមួយ កុំធ្លាក់ចុះក្នុងអន្ទាក់សត្រូវឱ្យសោះ។
យ៉ាងណាមិញ លោក ប៉ែន បូណា កត់សម្គាល់ឃើញថា ប្រជាពលខ្មែរទូទៅ គឺមិនបានធ្លាក់ក្នុងអន្ទាក់សង្គ្រាមចិត្តសាស្ត្ររបស់ថៃទេ។ ផ្ទុយទៅវិញ លោក មើលឃើញថា ពលរដ្ឋខ្មែរកាន់តែមានស្មារតីសាមគ្គីគ្នា រួមគ្នាជាកម្លាំងមួយជាមួយកងទ័ពនៅឈរមុខ និងជាមួយរដ្ឋាភិបាលកម្ពុជាយ៉ាងរឹងមាំ៕