ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេង ប៉ុន្តែបញ្ហាប្រឈមដោយសារមីននៅតែបន្ត ជាពិសេសតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ

Post by admin

10:38 - 16/12/2025

Comment

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងថា ទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេង ប៉ុន្តែបញ្ហាប្រឈមដោយសារមីននៅតែបន្ត ព្រមទាំងមានភាពស្មុគស្មាញ និងហានិភ័យខ្លាំង ជាពិសេសតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ដែលតម្រូវឱ្យកម្ពុជាត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ពង្រឹងភាពជាដៃគូ និងធនធានបន្ថែម។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian Angelo DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឱ្យប្រទេសកាណាដា ពិចារណាបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឱ្យកម្ពុជាសម្រេចគោលដៅគ្មានមីនឆ្នាំ២០៣០ ស្របតាមសំណើសុំពន្យាពេលលើកទីបីនៃការបោសសម្អាតមីន ២០២៦-២០៣០ ដែលអង្គប្រជុំរដ្ឋភាគីលើកទី២២នៃអនុសញ្ញាអូតាវ៉ា ទើបបានអនុម័តថ្មីៗនេះ ជាមួយនឹងការដាក់ចេញផែនការច្បាស់លាស់របស់កម្ពុជា។

ឯកឧត្តម លី ធុជ បានចាត់ទុកប្រទេសកាណាដា គឺជាដៃគូយូរអង្វែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលសម្រេចបានក្នុងកិច្ចការបោសសម្អាតមីនអស់រយៈពេលជាង ៣០ឆ្នាំមកនេះ ក្នុងនោះផ្ទៃដីជាង ៣០០០គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់យកមកប្រើប្រាស់។ សមិទ្ធផលទាំងនេះ បានប្រែក្លាយពីដីចម្ការមីន ទៅជាដីចម្ការដាំដុះ រួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាបានរួមចំណែកគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីន។

ឯកឧត្តម Christian DesRoches បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេលកន្លងមក។ ឆ្លើយតបនឹងសំណើសុំ ឯកឧត្តម Christian DesRoches ស្នើឱ្យអាជ្ញាធរមីនជាអ្នករៀបចំចាត់អាទិភាពលើកិច្ចការសកម្មភាពមីននៅកម្ពុជា និងធ្វើជាអ្នកសម្របសម្រួលជាមួយប្រតិបត្តិករបោសសម្អាតមីន ដែលបានដាក់សំណើសុំឱ្យប្រទេសកាណាដា បន្តគាំទ្រដល់គម្រោងបោសសម្អាតមីនរបស់ខ្លួន៕

ប្រភព៖ ក្រសួងព័ត៌មាន