កម្ពុជាអំពាវនាវឱ្យរដ្ឋភាគីដែលពាក់ព័ន្ធ និងអនុសញ្ញាក្រុងឡាអេ រួមគ្នាតែមួយដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោក ឱ្យបានម៉ឹងម៉ាត់

Post by admin

10:31 - 13/12/2025

Comment

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោកស្រី ភឿង សកុណា បានអំពាវនាវនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៣២ របស់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ( អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) នៅថ្ងៃទី១២​ខែធ្នូ ឆ្នាំ២០២៥ ឱ្យបណ្ដាប្រទេសទាំងអស់ជារដ្ឋភាគី នៃអនុញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ មានការរួមគ្នាតែមួយ ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកឱ្យបានម៉ឹងម៉ាត់។ ការអំពាវនាវនេះ បន្ទាប់ពីទាហានថៃ បានប្រើអាវុធធុនធ្ងន់បាញ់បំផ្លាញប្រាសាទបុរាណរបស់ខ្មែរ ដូចជាប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ឱ្យខូចខាតធ្ងន់ធ្ងរ ដោយសារតែជម្លោះព្រំដែន។​
លោកស្រី ភឿង សកុណា បានថ្លែងថា រយៈពេល៣ថ្ងៃមកនេះ ការអន្តរាគមន៍របស់អង្គការUNESCO ចំពោះការខូចខាតប្រាសាទបុរាណរបស់ខ្មែរ ដែលបំផ្លាញដោយកងទាហានថៃ គឺមិនយឺតពេលឡើយ។ ក្នុងកិច្ចប្រជុំគណកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុកពេលនេះ គឺប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នៃអង្គការUNESCO បានបង្ហាញក្តីបារម្ភចំពោះការខូចខាតប្រាសាទបុរាណរបស់ខ្មែរ ដែលទាហានថៃបាញ់បំផ្លាញ ហើយជាបន្តទៅទៀតគឺUNESCO ក៏នៅតែតាមដានយ៉ាងល្អិតល្អន់ចំពោះការខូចខាតទាំងនោះ។
លោក សាស្ត្រាចារ្យ Mounir Bouchenaki ក្រុមការងារជំនាញ(ADHOC) បានថ្លែងថាអង្គការ UNESCO ពុំបានព្រងើយកន្តើយចំពោះការបំផ្លាញប្រាសាទបុរាណខ្មែរ ដោយសារតែជម្លោះព្រំដែនកម្ពុជា និងថៃនោះឡើយ​អង្គការUNESCO បានបង្ហាញក្តីបារម្ភព្រមទាំងការតាមដានចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌខ្មែរ ពីទាហានថៃនេះ ចាប់តាំងតែពីការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ កើតឡើងម្ដងទៀតនៅអំឡុងខែកក្កដាមកម៉្លេះ។
លោក Bouchenaki បានអំពាវនាវឱ្យរដ្ឋភាគីចំនួនជាង ១៩០ប្រទេស ត្រូវតែរួមគ្នាការពារសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអនុលោមតាមអនុញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ ស្ដីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។
ប្រទេសបារាំង និងជប៉ុន ដែលជាសហប្រធាននៃគណកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក)នោះ ក៏បានបង្ហាញក្តីបារម្ភដូចគ្នាចំពោះការខូចខាតប្រាសាទបុរាណខ្មែរនេះផងដែរ។ 
ចំណែកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Ueno Atsushi បានថ្លែងថា រដ្ឋាភិបាលជប៉ុនក៏បានធ្វើសេចក្តីថ្លែងការណ៍ជុំវិញការខូចខាតប្រាសាទបុរាណរបស់ខ្មែរ ដោយសាររឿងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នោះរួចមកហើយ។
ចំណែកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Olivier Richard ក៏បញ្ជាក់ដែរថា តាំងតែពីថ្ងៃទី៨ ខែធ្នូមកម៉្លេះ រដ្ឋាភិបាលបារាំងបានបង្ហាញការព្រួយបារម្ភចំពោះការបំផ្លាញសម្បត្តិបេតិកភណ្ឌព្រមទាំងបានស្នើឱ្យប្រទេសកម្ពុជា និងថៃ គោរពបទឈប់បាញ់ទៅតាមកិច្ចព្រមព្រៀងសន្តិភាព ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាបន្ទាន់។​
សូមបញ្ជាក់ថា ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ត្រូវបានយោធាថៃផ្លោងគ្រាប់ដាក់បណ្តាលឱ្យរងការខូចខាតធ្ងន់ធ្ងរជាបន្តបន្ទាប់ចាប់តាំងពីការឈ្លានពានទឹកដីកម្ពុជា៕

ប្រភព៖ CNC