ទឹកធ្លាក់ជ្រាវ ជាទឹកធ្លាក់ដែលមាន ៧ ដំណាក់ មានព្រៃព្រឹក្សាបៃតងខ្ចី និងសំឡេងសត្វយំប្រគំជាតន្ត្រីធម្មជាតិលាយឡំសូរទឹកហូរឈូៗឥតឈប់ឈរ គឺជាភាពទាក់ទាញបែបធម្មជាតិ មានទឹកធ្លាក់កម្ពស់រហូតដល់ ១៥០ម៉ែត្រ អមជាមួយសម្រស់ធម្មជាតិព្រៃភ្នំស្ថិតនៅតំបន់ភ្នំឱរ៉ាល់ និងមានសត្វព្រៃជាច្រើនប្រភេទ បានត្រៀមខ្លួនរួចរង់ចាំភ្ញៀវទេសចរ។ ទឹកធ្លាក់ជ្រាវ មានទីតាំងស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ និងមានចម្ងាយប្រមាណជាង ១០០km ពីក្រុងភ្នំពេញ ។
«ទឹកធ្លាក់ជ្រាវ» ជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះល្បីក្នុងខេត្តកំពង់ស្ពឺ បានទាក់ទាញភ្ញៀវទេសចរ តាមរយៈសម្រស់ទឹកធ្លាក់ដែលអាចឲ្យទេសចរណ៍ងូតលេងកម្សាន្ត មើលសម្រស់ព្រៃឈើយ៉ាងស្រស់បំព្រង។ លើសពីនេះ ភ្ញៀវទេសចរណ៍អាចបោះតង់សម្រាកនៅចង្កេះភ្នំជ្រាវ គេងស្ដាប់សំឡេងសត្វព្រៃជាមួយអាកាសធាតុត្រជាក់ និងមើលសម្រស់ព្រៃភ្នំ។ សម្រាប់ទេសចរដែលចង់ទៅបោះតង់គួតែទាក់ទងជាមួយប្រជាជនក្នុងសហគមន៍ ដើម្បីការពារសុវត្ថិភាព និងជៀសវាងការវង្វេងក្នុងព្រៃ។ នេះបើយោងតាមការៀបរាប់របស់លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ។
តំបន់ទេសចរណ៍ជ្រាវ បានត្រៀមខ្លួនជាស្រេច ដើម្បីទទួលភ្ញៀវទេសចរ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លើកឡើងថា៖ « យើងបានត្រៀមខ្លួនក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ដូចជា ទឹកជ្រោះជ្រាវ រមណីយដ្ឋានគីរីរម្យក្រោម ឧទ្យានជាតិគីរីរម្យ ភ្នំខ្នងផ្សា និងតំបន់ទេសចរណ៍ផ្សេងទៀត ត្រូវមានការរៀបចំទទួលភ្ញៀវទេសចរនៅពេលឈប់សម្រាកខាងមុខ ទៅលើសេវាកម្មម្ហូបអាហារ និងមានការអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ដែលក្នុងសហគមន៍គាត់មាន»។