ទឹកធ្លាក់បង្គងរនាប ជារមណីយដ្ឋានធម្មជាតិដ៏ទាក់ទាញមួយ ដែលលាក់ខ្លួនក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្ត ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចម្ងាយត្រឹមតែជាង១០០គម ពីរាជធានីភ្នំពេញប៉ុណ្ណោះ។ ទេសចរអាចមកសម្រាកលម្ហែ គយគន់ទេសភាពទឹកធ្លាក់ ផ្ទាំងថ្ម ព្រៃឈើ ស្រូបយកខ្យល់ត្រជាក់ បរិសុទ្ធ និងអាបោះតង់កម្រិត VIP ក៏បាន ឬក៏អាចសម្រាកជាក្រុមក៏បាន។
គួរបញ្ជាក់ថា ក្រៅពីប្រជាជនទូទៅស្គាល់ថាជាខេត្តល្បីល្បាញរឿងផលិតក្អមឆ្នាំងដីនោះ ខេត្តកំពង់ឆ្នាំង ក៏មានភាពល្បីល្បាញជាខេត្តដែលមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ បង្កប់ខ្លួននៅតាមតំបន់ភ្នំ និងតាមដងទន្លេ ជាទីទាក់ទាញសម្រាប់វិស័យទេសចរណ៍មួយ ក្នុងប្រទេសកម្ពុជា ផងដែរ ។ ក្នុងនោះ នៅក្នុងស្រុកទឹកផុស មានរមណីយដ្ឋានទឹកជ្រោះ និងព្រៃភ្នំ យ៉ាងស្រស់ស្អាត ចំនួន៤ រួមមាន ទឹកធ្លាក់អន្លង់ស្វាយ ទឹកធ្លាក់ស្រែអម្ពិល ទឹកធ្លាក់ថ្មក្រាល និងទឹកធ្លាក់បង្គងរនាប ។
📌Location: ទីតាំងទឹកធ្លាក់បង្គងរនាប